Intra ការពារអ្នកពីការបំភ្លៃ DNS ដែលជាការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាដែលត្រូវបានប្រើ ដើម្បីទប់ស្កាត់ការចូលប្រើគេហទំព័រព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីផ្ញើសារ។
01
ការចូលប្រើអ៊ីនធឺណិតដែលកាន់តែបើកចំហ
Intra អាចឱ្យអ្នកចូលប្រើគេហទំព័រ និងកម្មវិធីដែលបានទប់ស្កាត់ដោយការបំភ្លៃ DNS ដែលជាទម្រង់មួយក្នុងចំណោមទម្រង់ទូទៅបំផុតនៃការចាប់ពិរុទ្ធលើអ៊ីនធឺណិត។
02
ការការពារពីការវាយប្រហារក្នុងទម្រង់ឌីជីថល
Intra ជួយការពារអ្នកពីការដាក់នុយ និងកម្មវិធីគ្រោះថ្នាក់។ ការវាយប្រហារទាំងនេះត្រូវបានប្រើ ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន ដូចជាឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ឬដំឡើងកម្មវិធីនៅលើឧបករណ៍របស់អ្នក ដោយបញ្ជូនអ្នកបន្តទៅកាន់គេហទំព័រក្លែងក្លាយ។
03
ការការពារដោយគ្មានដែនកំណត់ដោយគ្រាន់តែចុចម្ដង
Intra គឺងាយស្រួលប្រើណាស់ — គ្រាន់តែបើកវាចោល ហើយវានឹងដំណើរការដោយខ្លួនឯង។ Intra នឹងមិនធ្វើឱ្យការតភ្ជាប់អ៊ីនធឺណិតរបស់អ្នកយឺត និងមិនមានការដាក់កំហិតលើការប្រើទិន្នន័យទេ។
04
បច្ចេកវិទ្យាដែលអ្នកអាចទុកចិត្តបាន
Intra រក្សាព័ត៌មានរបស់អ្នកជាលក្ខណៈឯកជន។ យើងមិនតាមដានកម្មវិធីដែលអ្នកប្រើ ឬគេហទំព័រដែលអ្នកចូលទៅកាន់ទេ។
Intra អាចឱ្យអ្នកប្ដូរក្រុមហ៊ុនផ្ដល់សេវាម៉ាស៊ីនមេ DNS របស់អ្នកតាមបំណង។ អ្នកអាចប្រើម៉ាស៊ីនមេរបស់អ្នកផ្ទាល់ ឬជ្រើសរើសពីក្រុមហ៊ុនផ្ដល់សេវាពេញនិយម ដូចជា Cloudflare ឬ Google ជាដើម។
របៀបដែលវាដំណើរការ
Intra អ៊ីនគ្រីបការតភ្ជាប់អ៊ីនធឺណិតរបស់អ្នកទៅម៉ាស៊ីនមេប្រព័ន្ធឈ្មោះដូមែន (DNS) សាធារណៈ។ ម៉ាស៊ីនមេ DNS ដំណើរការដូចគ្នានឹងបញ្ជីទំនាក់ទំនងដែរ — នៅពេលអ្នកប្រើអ៊ីនធឺណិត ម៉ាស៊ីនមេ DNS របស់អ្នកផ្តល់អាសយដ្ឋានពិតប្រាកដដែលអ្នកត្រូវការ ដើម្បីចូលទៅកាន់គេហទំព័រ ឬបើកកម្មវិធី។
ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីនមេ DNS អាចត្រូវបានផ្លាស់ប្ដូរដើម្បីទប់ស្កាត់ការចូលប្រើ ឬបញ្ជូនអ្នកបន្តទៅកាន់គេហទំព័រក្លែងក្លាយ។ តាមរយៈការអ៊ីនគ្រីបការតភ្ជាប់ទៅម៉ាស៊ីនមេ DNS នៅលើឧបករណ៍ Android របស់អ្នក Intra ជួយធានាថាលទ្ធផលមិនអាចត្រូវបានបំភ្លៃទេ ដូច្នេះអ្នកអាចចូលប្រើអ៊ីនធឺណិតដោយសុវត្ថិភាព។